រឿង Criminal - ឧក្រិដ្ឋជន
[ ថ្ងៃ ចន្ទ ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៥ ]
យន្ដហោះបានត្រដាងស្លាបចុះចតបន្ទាប់ពីហោះហើរធ្វើដំណើរពីសហរដ្ឋ អាមេរិកមកប្រទេសកម្ពុជារយៈពេលជាច្រើនម៉ោង នារីវ័យកណ្ដាលម្នាក់បានធ្វើ ដំណើរចុះពីលើកាំជណ្ដើរនៃព្រលានយន្ដហោះ ទាំងរាងកាយមាំមួនដូចជាអ្នក ដែលធ្លាប់វឹកហាត់ធ្វើជាប៉ូលីស រឺទាហ៊ានពីមុនមកបានយ៉ាងល្អឥតខ្ចោះអញ្ចឹង ។ តាមពិតទៅនាងជាអធិការរងមកពីសហរដ្ឋម្នាក់ នាងបានផ្លាស់ប្ដូរការងារមកកម្ពុជាវិញ នាងបានស្នើសុំថ្នាក់លើអស់រយៈពេលជាយូរមកហើយ នៅទីបំផុតនាងក៏អាចត្រឡប់មកស្រុកកំណើតរបស់នាងវិញ ។
ព្រឹកថ្ងៃបន្ទាប់ នារីវ័យកណ្តាល រាងស្តើងឈានជើងចុះពីរថយន្ត Mercedes បោះជំហានចូលទៅក្នុងប៉ុស្តិ៍នគរបាលទឹកមុខស្រស់ស្រាយកែវភ្នែកពណ៌ត្នោតពោរពេញទៅដោយពន្លឺនិងក្តីសង្ឃឹម នារីស្រស់ស្អាតសម្បុរសវ័យ៣០ឆ្នាំជាកូនកាត់ខ្មែរនិងអាមេរិក នេះជាថ្ងៃទីមួយដែលនាងមកធ្វើការក្នុងប្រទេសខ្មែរដែលជាស្រុកកំណើតរបស់ខ្លួន ។
“ម៉ាដាម! លោកស្នងការឱ្យខ្ញុំមកហៅម៉ាដាមទៅជួប! អញ្ជើញខាងនេះទាន!” ប៉ូលីសស្រីម្នាក់និយាយ មុននឹងនាំនាងចូលទៅក្នុងការិយាល័យលោកស្នងការ
“គោរពទាន!” នាងបានលើកដៃដាក់ត្រង់សៀតផ្កាជាការគោរព
“ប្លេក! ហៅស្គែរីនិងក្រុមការងារចូលមកបន្តិច!”
“ចាស៎ លោកស្នងការ!!”
“អញ្ជើញអង្គុយ! និយាយអញ្ចឹង ខ្ញុំក៏បានអានប្រវត្តិការងារនាងបានខ្លះដែរ មើលទៅកាលនៅសហរដ្ឋនាងធ្វើការបានល្អណាស់ ខ្ញុំសង្ឃឹមថានាងនឹងធ្វើឲ្យអង្គភាពយើងកាន់តែបានល្អជាងនោះទៀត!!!”
“ចាស៎ លោកស្នងការ! អរគុណណាស់ដែលបានសរសើរ! ខ្ញុំនឹងខំប្រឹងអោយអស់ពីសមត្ថភាព!”
“សូមស្វាគមន៍មកកាន់អង្គភាពយើង! អ្នកនាងអធិការរង បែលឡា! ខ្ញុំសប្បាយចិត្តណាស់ដែលយើងបានរួមការងារជាមួយគ្នា!”
“សូមគោរពទាន!!”
“អធិការរងបែលឡា! ចាប់ពីពេលនេះទៅ ពួកគេគឺជាកូនក្រុមស៊ើបអង្កេតក្ដីរបស់នាងហើយ!”
“ចាស៎ លោកស្នងការ!”
“ខ្ញុំឈ្មោះ ថេត ហៅ ស្គែរី ក៏បាន ម៉ាដាម!!”
“ខ្ញុំឈ្មោះ ឈិន ហៅ វ៉ាយ ក៏បាន!”
“ខ្ញុំ ធីតា ហៅ ប្លេក ក៏បាន!”
“រីឯខ្ញុំឈ្មោះ ដារ៉ូ ហៅ ហ្គ្រេ ក៏បានដែរទាន!!!”
“សួស្តីគ្រប់គ្នា! ខ្ញុំឈ្មោះ បែលឡា ខ្ញុំរីករាយណាស់ដែលបានរួមការងារ ជាមួយអ្នកទាំងអស់គ្នា នឿយហត់ដល់ទាំងអស់គ្នាហើយ”
“ពួកយើងគឺនៅមានរឿងជាច្រើនទៀតដែលត្រូវរៀនសូត្រពីម៉ាដាម!!" ប្លេក តបទៅវិញយ៉ាងរួសរាយ
“ល្អណាស់! អ្នកទាំងអស់គ្នា អាចបំបែកគ្នាទៅធ្វើការរៀងខ្លួនបានហើយ!”
“ទទួលបញ្ជាទាន!!!” ទាំងអស់គ្នាបានដាក់ដៃត្រង់សៀតផ្កាជាការគោរព
“ម៉ាដាម! នេះជាការិយ៉ាល័យរបស់ម៉ាដាម បើម៉ាដាមមានការអីអាចហៅពួកខ្ញុំបានគ្រប់ពេល ពួកខ្ញុំរីករាយនឹងធ្វើជានិច្ចទាន!”
[ មួយសប្តាហ៍បានកន្លងផុតទៅ ]
ថ្ងៃថ្មី បានចូលមកដល់បែលឡានាងបានក្រោកពីដំណេក នាងបានគេងពត់ខ្លួននៅលើគ្រែក្នុងសភាពខ្ចិលច្រអូសដូចមិនចង់ក្រោកទៅធ្វើការអញ្ចឹង! តែភ្លាមៗនោះ នាងស្រាប់តែទទួលបានការហៅចូលពីខាងបុស្ដិ៍ប៉ូលីស បានខលហៅនាងអោយទៅជាបន្ទាន់! នាងបានប្រញាប់ស្លៀកពាក់ចេញទៅ ធ្វើការយ៉ាងប្រញាប់ប្រញាល់ ព្រោះវាដូចជាយឺតពេលបន្តិចហើយ។
[ នៅក្នុងបន្ទប់ការិយាល័យ ]
“រាយការណ៍ម៉ាដាម! កាលពីព្រឹកមិញ មានគេប្រទេះឃើញសាកសពជនរងគ្រោះ ម្នាក់ដេកស្លាប់ ក្នុងសភាពអាក្រាតកាយ នៅខណ្ឌសែនសុខ ម្ដុំផ្សារដីហុយ ជនរងគ្រោះ ឈ្មោះ ជីតា អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ១ ផ្នែកគណនេយ្យ ពេលវេលាស្លាប់យប់ថ្ងៃទី១៥ គឺនៅចន្លោះពីម៉ោង ១:០០ ទៅម៉ោង ២:០០រំលងអធ្រាត បើយោងទៅតាមការធ្វើកោសល្យវិច័យជំហានដំបូង ជនរងគ្រោះត្រូវបានឃាតករ រំលោភមុននឹងសម្លាប់ ជនរងគ្រោះត្រូវបានឃាតករ ចងស្លាបសេកហើយចាក់ចំនួន ៥៥ កាំបិត ក្នុងនោះនៅត្រង់ដើមទ្រូង មាន ២៣ កាំបិត និង នៅត្រង់ពោះមាន ៣២ កាំបិត នៅត្រង់ប្រដាប់ភេទ មានស្នាមដាច់រលាត់យ៉ាងខ្លាំង ប៉ុន្តែយើងមិនបានរកឃើញ ទឹកកាមនៅក្នុងប្រដាប់ភេទជនរងគ្រោះទេ ចំណែកឯនៅកន្លែងកើតហេតុ យើងក៏មិនបានប្រទះឃើញស្រោមអនាម័យរបស់ជនដៃដល់ដែរ ចំណែកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះគឺមិនមានបាត់បង់អ្វីទាំងអស់” ( ប្លេករាយការណ៍ ព្រមទាំងបង្ហាញរូបភាពជាច្រើនសន្លឹក )
ស្គែរី និយាយតប ៖ “បើតាមស្ថានភាពជនរងគ្រោះ ខ្ញុំគិតថាឃាតករគឺជាអ្នកជំនាញ ព្រោះនៅកន្លែងកើតហេតុ គ្មានបន្សល់ទុកភស្តុតាងអ្វីសូម្បីតែបន្តិច មិនថាអាវុធធ្វើឃាត ស្រោមអនាម័យ ឬក៏ស្នាមខ្ចៅដៃនោះទេ ករណីនេះពិតជាស្មុគស្មាញណាស់”
បែលឡា តប ៖ “ករណីនេះពិតជាស្មុកស្មាញដូចស្គែរីបាននិយាយមែន ហើយក៏កម្រមានករណីបែបនេះដែរ អាចនិយាយបានថាឃាតករមិនមែនជាមនុស្សធម្មតា ដែលងាយនឹងបង្ហាញខ្លួននៅតាមទីសារធារណៈនោះទេ ឃាតករបង្ហាញខ្លួន នៅពេលដែលគ្មានមនុស្សឆ្លងកាត់ ហើយក៏ចេញប្រតិបត្តិការសម្លាប់ជនរងគ្រោះ ដោយប្រើកាំបិតមុតស្រួច ចាក់លើជនរងគ្រោះជាច្រើនកន្លែងទៀត ឃាតករក៏មិនបន្សល់ទុកនូវភស្ដុតាង នេះបានន័យថាឃាតករមានគម្រោងទុករួចជាស្រេច និងមុនពេលធ្វើសកម្មភាព យើងអាចនិយាយបានថាវាជាករណីឃាតកម្មរំលោភសម្លាប់ និងអាចជាករណីគុំនុំសងសឹកផងដែរ”
វ៉ាយ តប ៖ “អ្នកទាំងអស់គ្នាមើលនែ៎! ត្រង់កញ្ចឹងកជនរងគ្រោះដូចជាជាំតូចមួយខ្សែ តើនេះជាស្នាមអីទៅ? បើជាស្នាមរឹតសម្លាប់អ៊ីចឹងគួរតែមាននៅត្រង់បំពង់ក ម៉េចក៏ស្នាមនេះនៅកញ្ចឹងកទៅវិញ??”
ហ្គ្រេ និយាយ ៖ “ពិតជាមានស្នាមជាំតូចមួយមែន អាចទេមុនពេលកើតហេតុឃាតករ បានកញ្ឆក់ខ្សែកពីជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពតែម្ដង”
ម៉ាដាម បញ្ជា ៖ “រឿងក្តីនេះមានចំណុចគួរឲ្យសង្ស័យច្រើនណាស់ អ្នកទាំងអស់គ្នា ត្រូវចាប់អារម្មណ៍ឲ្យមែនទែន ប្លេកនិងវ៉ាយ អ្នកទាំងពីរទៅស៊ើបមើល ថាជនរងគ្រោះ ធ្លាប់មានគំនុំអ្វីជាមួយអ្នកណាដែរឬទេ? ហ្គ្រេ ទៅស៊ើបមើល កាលពីម្សិលមិញ ជនរងគ្រោះបានទៅណាខ្លះ ស្គែរីទៅពិនិត្យកន្លែងកើតហេតុម្តងទៀតជាមួយខ្ញុំ”
“ទទួលបញ្ជា ម៉ាដាម!!” ពួកគេបានលើកដៃដាក់ត្រង់សៀតផ្កា រួចក៏បំបែកគ្នាហើយទៅធ្វើការរៀងខ្លួន
[ កន្លែងកើតហេតុ ]
មនុស្សម្នាអ៊ូអរ ចោមរោមមើលកន្លែងដែលបានពាត់ខ្សែពណ៌លឿង អ្នកកាសែតថតរូបនិងសម្ភាស៍ប្រជាជន ទៅតាមជំនាញរបស់ពួកគេ ។ បែលឡានិងស្កែរីដើរចូលមកដល់ក៏បានបង្ហាញកាតប៉ូលីសទៅប៉ូលីសមូលដ្ឋានដែលកំពុងធ្វើការ
ស្គែរី សួរ ៖ “យ៉ាងម៉េចទៅហើយ? សែប! មានបានភស្តុតាងនិងតម្រុយថ្មីអ្វីទៀតដែរទេ?”
សែប តប ៖ “មិនទាន់បានតម្រុយអ្វីផ្សេងទៀតឡើយទាន!”
ស្គែរី ៖ “ខ្ញុំដឹងហើយ សែបទៅធ្វើការវិញចុះ!!”
អធិការរងបែលឡាបានទៅសង្កេតក្បែរម្ដុំៗដែលកើតហេតុនោះ ក្រែងបានតម្រុយផ្សេងទៀត ក្រៅពីមានឈាមដាបពាសពេញជញ្ជាំងហើយ នៅមានឈាមមួយថ្លុកនៅលើដីដែលបានរកឃើញជនរងគ្រោះនៅទីនោះ នៅបរិវេណកន្លែងកើតហេតុក៏មិនសូវសម្បូរផ្ទះរបស់ប្រជាពលរដ្ឋរស់នៅដែរ មានត្រឹមផ្ទះមួយៗប៉ុណ្ណោះ ។
ហ្គ្រេ ៖ “រាយការណ៍ម៉ាដាម! មានស្រ្តីម្នាក់អះអាងថានាងបានឃើញជនរងគ្រោះ កាលពីយប់មិញ”
បែលឡា ៖ “នាំគាត់ទៅប៉ុស្តិ៍ប៉ូលីស ខ្ញុំចង់សួរនាំគាត់ដោយផ្ទាល់”
ហ្គ្រេ ៖ “ទទួលបញ្ជា ម៉ាដាម!”
[ ក្នុងបន្ទប់សួរចម្លើយ ]
បែលឡា ៖ “សួស្ដីអ្នកនាង! ខ្ញុំឈ្មោះបែលឡា ជាអធិការរងនិងជាប្រធាននៃក្រុមក្តីកម្រិតធ្ងន់ ខ្ញុំជាអ្នកទទួលបន្ទុករឿងក្តីនេះ ខ្ញុំសុំសួរអ្នកនាងប៉ុន្មានសំណួរ សូមអ្នកនាងឆ្លើយតាមត្រង់ ព្រោះចម្លើយរបស់អ្នកនាងមានសារៈសំខាន់ណាស់ចំពោះរឿងក្ដីមួយនេះ”
សាក្សី ៖ “ចាស៎ អ្នកនាងអធិការ!”
បែលឡា ៖ “តើបងអាចរៀបរាប់រឿងដែលបងបានឃើញកាលពីយប់មិញម្ដងទៀតបានទេ?”
សាក្សី ៖ “ចាស៎! កាលពីម៉ោ១២:៣០យប់មិញនេះ ខ្ញុំបានចេញមកក្រៅផ្ទះព្រោះឆ្កែ វាព្រួសខ្លាំងពេក ខ្ញុំស្មានថាជាចោរទើបចេញមកមើល ខ្ញុំបានឃើញនាងឈប់ម៉ូតូហើយនិយាយជាមួយបុរសម្នាក់នៅក្បែរផ្ទះមីងរបស់ខ្ញុំ ប្រុសម្នាក់នោះ មានមាឌតូចល្មម កំពស់ប្រហែល ១.៦៥ម ពាក់អាវខ្មៅ ពាក់មួកហើយនិងពាក់ម៉ាស់ ខ្ញុំមើលមិនសូវច្បាស់ប៉ុន្មានទេ ព្រោះទីនោះវាងងឹត ហើយណាមួយភ្នែកខ្ញុំមិនសូវល្អទៀត ខ្ញុំស្មានថាពួកគេជាសង្សារនឹងគ្នា ទើបខ្ញុំមិនបានចាប់អារម្មណ៍ច្រើន ហើយនោះជាថ្ងៃ១៤ កុម្ភៈទៀត ខ្ញុំគិតថាក្មេងៗវាបបួលគ្នាដើរលេងមិននឹកស្មានថាមានរឿងកើតឡើងបែបនេះសោះ”
បែលឡា ៖ “អ្នកនាងនិយាយថាមើលមិនសូវច្បាស់ តើអ្នកនាងប្រាកដចិត្តទេថាម្នាក់នោះគឺជាជនរងគ្រោះ?”
សាក្សី ៖ “ចាស៎! ខ្ញុំប្រាកដចិត្តណាស់! ព្រោះខ្ញុំស្គាល់នាង នាងមកពីស្រុកជាមួយខ្ញុំ ឪពុកម្ដាយនាងមិនមែនជាអ្នកធូរធារប៉ុន្មានទេ នាងអាចមករៀននៅភ្នំពេញ ដោយសារទទួលបានអាហារូបករណ៍ ទើបនាងខំរៀនផងធ្វើការផងដើម្បីរកប្រាក់ ផ្គត់ផ្គង់ជីវភាពខ្លួនឯង នាងគឺជាក្មេងស្រីដ៏ល្អម្នាក់!! សូមអ្នកនាងប៉ូលីសជួយរកខុសត្រូវអោយក្មេងម្នាក់នេះផងណា!”
បែលឡា ៖ “អរគុណអ្នកនាងដែលបានសហការ បើមានចម្ងល់បន្ថែមទៀត ពួកយើងនឹងទាក់ទងទៅអ្នកនាងម្តងទៀត!”
សាក្សី ៖ “ចាស៎! អូ៎! មែនហើយ អ្នកនាងប៉ូលីសនៅខាងមុខផ្ទះមីងរបស់ខ្ញុំ មានកាំមេរ៉ាសុវត្ថិភាពមួយដែរ អ្នកនាងប៉ូលីសអាចសុំគាត់ឆែកមើលបាន!”
បែលឡា ៖ “ចាស៎ អរគុណច្រើនហើយអ្នកនាង ចាំជួបគ្នានៅពេលក្រោយទៀត សូមអ្នកនាងទុករឿងនេះអោយប៉ូលីសចាត់ការចុះ! ហ្គ្រេ លោកឆាប់ទៅស្នើសុំដីការឆែកឆេរមកខ្ញុំត្រូវការមើលកាំមេរ៉ាសុវត្ថិភាពនោះ!”
ប្លេក ៖ “រាយការណ៍ម៉ាដាម! ពួកយើងបានទៅស៊ើបប្រវត្តិជនរងគ្រោះរួចហើយ នាងជាក្មេងស្រីស្លូតត្រង់ម្នាក់ គ្មានគំនុំជាមួយអ្នកណាទេ នាងជាសិស្សពូកែ ស្អាត នាងរៀននៅពេលថ្ងៃ ហើយពេលយប់ឆ្លៀតទៅធ្វើការក្រៅម៉ោងជាអ្នកលក់ទំនិញ ក្នុងម៉ាតមួយកន្លែង ខ្ញុំបានសួរមិត្តភក្កិនិងថៅកែរបស់នាងរួចហើយ គ្រប់គ្នាសុទ្ធតែ អះអាងថានាងស្លូតបូតសុភាពរាបសារណាស់! មិនចេះឈ្លោះទាស់ទែងជាមួយអ្នកណាទេ!”
បែលឡា ៖ “ពួកយើងត្រូវទៅរកមូលហេតុនៅពីក្រោយរឿងនេះអោយឃើញ ប្លេកនិងវ៉ាយ អ្នកទាំងពីរត្រូវទៅរកតម្រុយមកបន្ថែមទៀត ស្គែរីនិងហ្គ្រេត្រូវទៅយកកាំមេរ៉ាប្រគល់អោយខ្ញុំ នៅព្រឹកស្អែកនេះ!”
“ទទួលបញ្ជាទាន!”
[ ព្រឹកថ្ងៃបន្ទាប់ ]
ហ្គ្រេ ៖ “ម៉ាដាម! នេះវីដេអូកាំមេរ៉ាសុវត្ថិភាពបានមកដល់ហើយ!”
ម៉ាដាម ៖ “ល្អណាស់!”
ហ្គ្រេ ៖ “មើលចុះ! នោះជាជនរងគ្រោះហើយ!”
វ៉ាយ ៖ “អេ៎! ទាំងអស់គ្នាមើលនោះ នៅត្រង់ករបស់ជនរងគ្រោះដូចជាមានពាក់ខ្សែកបន្តោងថ្លើមថ្មមួយ!”
ប្លេក ៖ “តែក្រោយពេលរកឃើញជនរងគ្រោះ នាងអត់មានពាក់ខ្សែកនោះទេ!”
បែលឡា ៖ “បញ្ជាក់ថា ខ្សែករបស់ជនរងគ្រោះ ត្រូវបានឃាតករយកទៅហើយ វាស៊ីគ្នាជាមួយនឹងស្នាមជាំតូច លើកញ្ចឹងករបស់ជនរងគ្រោះដែរ!”
វ៉ាយ ៖ “មើលទៅខ្សែកនោះមិនទំនងជារបស់មានតម្លៃអី្វទេ ម៉េចក៏វាយកខ្សែកនោះទៅអញ្ចឹង?”
បែលឡា ៖ “វាជារឿងធម្មតាទេ ចំពោះអត្តចរិកខុសពីឃាតករធម្មតាទូទៅ ប្រៀបដូចជាឃាតករប្រភេទនេះជាឃាតកររោគចិត្ត ដែលឃាតករយកខ្សែក របស់ជនរងគ្រោះទៅ វាប្រៀបដូចជាមេដាយឬក៏ជាប័ណ្ណសរសើរសម្រាប់ពួកគេ នៅពេលដែលពួកគេសន្សំបានរបស់ជនរងគ្រោះបានកាន់តែច្រើន មានន័យថាពួកគេបានសម្លាប់មនុស្សកាន់តែច្រើន ក៏មានន័យដែរថាពួកគេកាន់តែខ្លាំងដែរ ព្រោះកាលនៅសហរដ្ឋ ខ្ញុំធ្លាប់សួរចម្លើយឃាតកររោគចិត្តដោយផ្ទាល់ អស់ជាច្រើននាក់មកហើយ ហើយវាក៏មិនចម្លែកដែរសម្រាប់ខ្ញុំ”
ប្លេក ៖ “ម៉ាដាម! មើលនែ៎! នេះជនសង្ស័យបានបង្ហាញខ្លួនហើយ!”
ស្គែរី ៖ “ជនសង្ស័យស្លៀកពាក់ខោអាវពណ៌ខ្មៅ ពាក់មួកពាក់ម៉ាស់ថែមទាំង បែរខ្នងដាក់កាំមេរ៉ាទៀត បែបនេះយើងពិបាកកំណត់អត្តសញ្ញាណហើយ!”
បែលឡា ៖ “បើមើលតាមការតែងខ្លួន និងវិធីសម្លាប់របស់ឃាតករនេះគឺដូចនឹងឃាតករ កាលពីអំឡុងទសវត្សរ៍ឆ្នាំ៦០និង៧០ដែរ ឃាតករប្រភេទនេះនៅក្នុងស្រុកយើង កម្រមានណាស់!”
ប្លេក ៖ “ខ្ញុំរកឃើញឯកសារមួយចំនួន នៅសហរដ្ឋក៏ធ្លាប់មានករណីសម្លាប់ទៅលើ នារីរកស៊ីផ្លូវភេទ ជាង ១០ ករណីដែរស្ថានភាពជនរងគ្រោះគឺស្រដៀង ទៅនឹងរឿងក្តីរបស់យើងដែរ! ជនរងគ្រោះគឺមានអាយុចន្លោះពី ១៨ ទៅ ៣០ ឆ្នាំ ពួកនាងសុទ្ធតែត្រូវបានរំលោភ ហើយចាក់ជាច្រើនកាំបិតនៅលើដងខ្លួន រឿងដែលសំខាន់គេប្រទះឃើញថាទ្រព្យសម្បត្តិរបស់ជនរងគ្រោះគឺនៅទាំងអស់ លើកលែងតែខ្សែក តើអាចទេដែលឃាតករនោះគឺជាមនុស្សតែម្នាក់?”
បែលឡា ៖ “មែនហើយ! ខ្ញុំទើបតែនឹកឃើញឃាតកម្មមួយនេះ កាលនៅសហរដ្ឋខ្ញុំធ្លាប់លឺឃាតកម្មបែបនេះដែរ! វ៉ាយ ហ្គេ្រ អ្នកទាំងពីរឆែកមើល នៅព្រលានយន្តហោះរយៈពេល ៤ ខែចុងក្រោយនេះតើមាន អ្នកណាដែលគួរឲ្យសង្ស័យចូលមកក្នុងប្រទេសយើងដែរទេ!”
“ទទួលបញ្ជា!!” ។
[ ថ្ងៃ សុក្រ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៥ ]
៥ថ្ងៃបន្ទាប់ទៀតហើយ នៅតែមិនទាន់អាចកំណត់អត្តសញ្ញាណ ជនដៃដល់បាននៅឡើយ ម៉ោង ៩:៣០យប់ បែលឡា ប្លេកនិងអ្នកទាំងអស់គ្នាចេញពី ធ្វើការក៏ប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ព្រោះរៀងយប់ជ្រៅដែរហើយ ពេលដែលប្លេកបើកម៉ូតូដល់ផ្លូវស្ងាត់ ក៏ស្រាប់តែលេចចេញ ជនអនាមិកម្នាក់ បើកម៉ូតូដេញតាមពីក្រោយនាង ហើយថែមទាំងដកកាំភ្លើង មកបាញ់នាងជាច្រើន គ្រាប់ថែមទៀតផង ជាសំណាងល្អដែលគ្រាប់កាំភ្លើងទាំងអស់នោះ មិនបានធ្វើឱ្យ នាងមានរបួសឡើយ ប៉ុន្តែមួយគ្រាប់ចុងក្រោយក៏បាញ់ត្រូវកង់ម៉ូតូរបស់នាង បណ្ដាលឲ្យរ៉េចង្កូតម៉ូតូទៅបុកនឹងបង្គោលភ្លើង ឃើញបែបនេះ ឃាតករក៏ស្ទុះចុះមក ដកកាំបិតបំរ៉ុងនិងចាក់ទៅលើប្លេកទៅហើយ ប៉ុន្តែនាងក៏អាចគេចផុត ហើយបានវាយបកទៅលើឃាតករនោះវិញ ។
ប្លេក ៖ “គឺជាឯង… ល្អ! ចាំមើលថាយើងចាប់ឯងញាត់គុគបានយ៉ាងម៉េច!”
ឃាតករ ៖ “ឯងគិតថាសមត្ថភាពរបស់ឯងអាចចាប់យើងបានដែរ?”
ប្លេក ៖ “ចាប់បានឬក៏អត់សាកមើលទៅដឹងហើយ!”
អ្នកទាំងពីរក៏ចាប់ផ្ដើមបើកឆាក វាយប្រហារគ្នាទៅវិញទៅមក ប៉ុន្តែបើមើលទៅតាម កម្លាំងនិងស្នៀតប្រយុទ្ធរបស់អ្នកទាំងពីរ គឺដូចជាប្រហាក់ប្រហែលគ្នា ប្រយុទ្ធគ្នាបាន មួយសន្ទុះឃាតករក៏មានប្រៀបទៅលើប្លេក គេបានប៉ែងជើងនាងឲ្យដួលរួចហើយ ដកកាំបិតមកបម្រុងចាក់ទៅលើដើមទ្រូងរបស់នាង ប៉ុន្តែ ប្លេកក៏បានយកដៃទៅចាប់ កាំបិតនោះជាប់ បណ្ដាលអោយបាតដៃរបស់នាងម្ខាងត្រូវរបួស ហូរឈាមយ៉ាងច្រើន ភ្លាមនោះស្រាប់តែ…
“ឈប់ភ្លាម! យើងគឺជាប៉ូលីស ឆាប់ទម្លាក់អាវុធចុះភ្លាមទៅ!”
ស្គែរី ដែលទើបតែមកដល់ ស្រែកគំហកមួយទំហឹង មុននឹងដកកាំភ្លើងផ្ជង់ទៅ កាន់ឃាតករ ឃើញឱកាសល្អបែបនេះ ប្លេកក៏ចាប់បង្វែរមុខកំបិតរុញទៅចាក់ចំដើមទ្រូងរបស់ឃាតករមួយកាំបិតវិញ មុននឹងធាក់វាមួយជើងខ្ទាតទៅម្ខាង រួចហើយក៏បម្រុងចូលទៅ ចាប់ខ្លួន ប៉ុន្តែក៏ត្រូវវាធាក់មួយជើងខ្ទាតមកវិញ ឃាតករបានហក់ទៅច្របាច់ករនិងព្យាយាម ទាញអ្វីម្យ៉ាងចេញពីកររបស់ប្លេកហើយក៏បោកគ្រាប់បែកផ្សែងមួយគ្រាប់ស្របពេលដែលស្គែរីកំពុងតែរត់មកជួយប្លេក ហើយក៏ទាញម៉ូតូរត់គេចខ្លួនបាត់…
ស្គែរី ៖ “យ៉ាងម៉េចទៅហើយ? ឯងកើតអីរឺទេ? ត្រូវរបួសធ្ងន់ដែរទេ?”
ប្លេក ៖ “មិនអីទេគ្រាន់តែរបួសសើស្បែកប៉ុណ្ណោះ!”
ស្គែរី ៖ “ប៉ុណ្ណឹងហើយនៅថាមិនអីទៀត ឆាប់ឡើងមក ចាំខ្ញុំជូនទៅមន្ទីរពេទ្យ!”
ប្លេក ៖ “ក្តៅក្រហាយមែន! មិនគួរឲ្យវារត់រួចខ្លួនសោះ វារត់រួចលើកនេះ មិនដឹងថាពេលណា អាចមានឱកាសល្អបែបនេះម្ដងទៀតទេ!”
ស្គែរី ៖ “ត្រូវហើយ តើឯងបានឃើញមុខរបស់វាដែរទេ?”
ប្លេក ៖ “ខ្ញុំមិនបានឃើញទេ វាពាក់មួកសុវត្ថិភាពរហូត ប៉ុន្តែសម្លេងរបស់វាខ្ញុំដូចជាប្រហែលៗ អេ៎! មែនហើយ ហេតុអីពេលនោះឯងមិនដេញតាមវា បែរជាមកមើលខ្ញុំទៅវិញ តាមធម្មតាឯងមិនមែនបែបនេះទេ ចំពោះខ្ញុំ!”
ស្គែរី ៖ “គឺ…មកពីខ្ញុំខ្លាច! ខ្ញុំខ្លាច បើខ្ញុំចាប់វាមិនបាននោះ តើវានឹងធ្វើអ្វីខ្លះដាក់ខ្ញុំទៅ ឯងក៏ដឹងដែរថា ឃាតករនេះវាសាហាវកម្រិតណា ហើយក៏គ្មានឯងនៅទីនោះទៀត ឯងក៏ដឹងថាខ្ញុំមិនពូកែវាយគ្នាដូចឯងទេ”
ប្លេក ៖ “ហ៊ឺយ! ឯងនេះពិតជាកំសាកដូចរហ័សនាម ស្គែរីមិនខុសមែន!”
ស្គែរី ៖ “មែនហើយ! ខ្ញុំវាកំសាក កំសាកព្រោះខ្លាចបាត់បង់ឯងច្រើនជាងចាប់ខ្លួន អាឃាតកររោគចិត្តម្នាក់នោះដែរ បាត់បង់វាមួយពេល ពួកយើងនឹងអាចចាប់បានវា នៅថ្ងៃណាមួយវិញជាមិនខាន តែបើបាត់បង់ឯង ខ្ញុំគឺមិនអាចរកឯងឃើញបានរហូត”
ប្លេក ៖ “អឺៗ ខ្ញុំដឹងហើយ ឯងមើលចុះ ខ្ញុំមានកើតអីឯណា? ទុកចិត្តបានហើយ កុំបារម្ភអី”
[ ព្រឹកថ្ងៃបន្ទាប់ ]
ថ្ងៃ សៅរ៍ ទី ២១ ម៉ោង៩:០០ព្រឹក ប្លេកអន្ទះសារព្យាយាមទាក់ទងទៅបែលឡា ខលទៅក៏មិនលើក ផ្ញើសារក៏មិនតប នាងពិតជាបារម្ភពីបែលឡាខ្លាំងណាស់ ព្រោះកាលពីយប់មិញ នាងចេញពីធ្វើការដំណាលគ្នានឹងបែលឡាដែរ នាងត្រូវបានឃាតករលបវាយប្រហារ ទើបនាងខ្លាចថាបែលឡា ក៏ត្រូវឃាតករវាយប្រហារដូចគ្នា ហេតុតែទាក់ទងទៅបែលឡាមិនបាន នាងក៏ទាក់ទងទៅសួរអ្នកនៅប៉ុស្ដិ៍ប៉ូលីស ប៉ុន្តែអ្នកនៅទីនោះប្រាប់ថា មិនបានឃើញបែលឡាមកធ្វើការនោះទេ ទើបធ្វើឲ្យប្លេកកាន់តែបារម្ភខ្លាំងឡើងទៀតហើយ
ប្លេក ៖ “អាឡូ! ស្គែរី! ថ្ងៃនេះឯងមានបានជួបម៉ាដាមដែរទេ?”
ស្គែរី ៖ “អត់បានឃើញទេ មានរឿងអីមែនទេ?”
ប្លេក ៖ “មួយព្រឹកហើយខ្ញុំទាក់ទងគាត់មិនបានសោះ! ពេលទាក់ទងទៅប៉ុស្ដិ៍ អ្នកនៅទីនោះថាគាត់មិនបានទៅធ្វើការទេ ខ្ញុំពិតជាបារម្ភពីគាត់ខ្លាំងណាស់ ឥឡូវនេះខ្ញុំកំពុងតែទៅផ្ទះរបស់គាត់ហើយ!”
ស្គែរី ៖ “បាន! ចាំខ្ញុំទៅតាមក្រោយ! ឯងកុំធ្វើអីផ្ដេសផ្ដាសណា!”
ប្លេក ៖ “អូខេ! ខ្ញុំដឹងហើយ”
[ ១៥នាទីក្រោយមក ]
ប្លេក ៖ “អាឡូស្គែរី! ពេលនេះខ្ញុំមកដល់មុខផ្ទះម៉ាដាមហើយ ប៉ុន្តែវាដូចជាស្ងាត់ចំណែកណាស់ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាមិនស្រួលហើយ!”
ស្គែរី ៖ “ប្លេក កុំធ្វើអីផ្ដេសផ្ដាសណា ចាំខ្ញុំ ៣០ នាទីទៀតខ្ញុំទៅដល់ហើយ!”
ភ្លាមនោះទ្វារក៏របើកឡើង ប្លេក ក៏ដាក់ទូរស័ព្ទចុះដាក់ចូលទៅក្នុងហោប៉ាវវិញ ហើយដើរចូលទៅក្នុងផ្ទះយឺតៗ…
ប្លេក ៖ “ម៉ាដាម! ខ្ញុំប្លេកណា ម៉ាដាមនៅផ្ទះដែរទេ?”
ដោយមិនមានសំឡេងឆ្លើយតប នាងក៏ដើរតម្រង់ទៅបន្ទប់គេងរបស់បែលឡា គ្រាន់តែទៅដល់មុខបន្ទប់ នាងក៏មានអារម្មណ៍ថាធុំក្លិនឆ្អាបឈាម ទើបនាងបើកទ្វារចូល ទៅក្នុងស្រាប់តែប្រទះឃើញហេតុការណ៍ដ៏គួរឲ្យតត់ស្លុតជាទីបំផុត នោះគឺជារាងកាយ នារីម្នាក់ដែលគ្មានក្បាល ដេកនៅលើគ្រែក្រាលដោយ ឈាមពណ៌ក្រហមឆ្អិនឆ្អៅ រាងកាយរបស់សាកសព ត្រូវបានឃាតករជ្រៀកស្ទើតែមើលលែងស្គាល់ គ្រឿងក្នុង របស់ជនរងគ្រោះ ត្រូវបានយកចេញមកក្រៅដាក់រាយប៉ាយពាសពេញបន្ទប់ ស្ទើរតែធ្វើឲ្យបន្ទប់ទាំងមូល ក្លាយទៅជាទន្លេឈាមទៅហើយ…
ប្លេក ៖ “ម៉ាដាម!” ប្លេក ស្រែកឡើងភ្លត់សំលេង ក្រោយពេលឃើញទិដ្ឋភាព ដ៏គួរឲ្យតក់ស្លុតមួយនេះ រំពេចនោះ ស្រាប់តែមាននរណាម្នាក់ វាយនាងពីក្រោយធ្វើឲ្យនាងសន្លប់បាត់បង់ស្មារតីទៅ…
ពេលដែលនាងភ្ញាក់ដឹងខ្លួនមកវិញ នាងក៏រកឃើញថាខ្លួនឯងត្រូវបានគេចងជាប់ នឹងកៅអីមួយក្នុងបន្ទប់នោះបាត់ទៅហើយ ចំណែកអ្នកដែលនៅចំពោះមុខនាងនោះគឺ… គឺជាឃាតករដែលប្រយុទ្ធជាមួយនាងកាលពីយប់មិញនោះឯង ឃើញបែបនេះ ប្លេកខឹងយ៉ាងខ្លាំង ក៏កញ្ជ្រោលទៅរកគេ ប៉ុន្តែធ្វើអ្វីគេមិនកើតព្រោះខ្លួននាងបានជាប់ចំណង
ប្លេក ៖ “អាចង្រៃ! តើឯងបានធ្វើស្អីម៉ាដាម?”
ឃាតករ ៖ “កុំអាលជ្រួលជ្រើមមើល យើងមិនបានធ្វើស្អីស្រីម្នាក់នោះទេ ពេលនេះនាងនៅសុខសប្បាយ យើងថា នាងគួរតែបារម្ភពីខ្លួនឯងវិញទៅល្អជាង” ឃាតករនិយាយបណ្ដើរ យកកាំបិតអូសថ្នមៗលើមុខរបស់ប្លេកបណ្ដើរ…
ប្លេក ៖ “អាចង្រៃ កុំឲ្យយើងរួចខ្លួនឲ្យសោះ បើយើងរួចខ្លួនយើងនឹងសម្លាប់ឯងហើយ!!”
ឃាតករ ៖ “ម៉េចក៏ឯងមិនមើលរូបរាងខ្លួនឯងនៅពេលនេះទៅ ឯងអាចទៅរួចទេ? មើលចុះ មុខមាត់របស់ឯងស្អាតណាស់ ចំណែករាងរៅរបស់ឯងក៏ល្អដែរ តែថា យើងស្អប់មនុស្សស្រីដែលមានរូបរាងស្អាតបែបនេះណាស់!”
គេស្រែកគំហកមួយទំហឹង ព្រមទាំងដាល់មុខប្លេកមួយដៃយ៉ាងខ្លាំង ធ្វើឲ្យប្លេកដួលទៅម្ខាង ហើយក៏ស្ទុះចូលទៅដាក់ ថែមប៉ុន្មានដៃទៀតទាំងកំរោល ពេលបញ្ចេញកំហឹងលើខ្លួនប្លេកអស់ចិត្តហើយ គេក៏ងើបចេញមកវិញ រួចមើលមកនាងក្នុងក្រសែភ្នែករោគចិត្តជាទីបំផុត
ឃាតករ ៖ “យ៉ាងម៉េចហើយ ក្រែងនាងចង់ចាប់យើងណាស់មិនអញ្ចឹង! ពេលនេះម៉េចក៏ត្រូវយើងចាប់ទៅវិញ ក្រែងនាងខ្លាំងណាស់មែនទេ ពេលនេះយើងនៅចំពោះមុខនាងហើយ ម៉េចក៏មិនមកចាប់យើងទៅ ឆាប់ឡើង ឆាប់ក្រោកឡើង…ចាប់យើងទៅ”
ភ្លាមនោះមានសម្លេងកណ្ដឹងបន្ទប់បានបន្លឺឡើង ធ្វើឲ្យឃាតករ ងាកទៅចាប់អារម្មណ៍ប្រភពសំឡេងនោះវិញ គាត់គឺជាពូសន្តិសុខដែលបានមក តាមការប្ដឹងរបស់អ្នកជិតខាង ព្រោះពួកគេបានឭសម្លេងរំខានចេញពីបន្ទប់មួយនេះ
សន្តិសុខ ៖ “សួស្ដី! ខ្ញុំមកតាមការពឹងពាក់របស់អ្នកជិតខាង អ្នកនាងពួកគេនិយាយថា មានឮសំឡេងក្ដុងក្ដាំងក្នុងបន្ទប់អ្នកនាង តើមានអ្វីឱ្យខ្ញុំជួយដែរទេ?”
ដោយឈរចាំមួយសន្ទុះហើយគ្មានអ្នកឆ្លើយតបគាត់ក៏បម្រុងចាក់សោរ ប្រុងនឹងចូល ប៉ុន្តែទ្វារក៏របើកឡើងដោយខ្លួនឯង គាត់ក៏ចូលទៅក្នុងផ្ទះ ក្រឡេកមើលជុំវិញមួយជុំតែបែរជាគ្មានឃើញវត្តមាននរណាម្នាក់សោះ ដោយមានអារម្មណ៍មិនស្រួលគាត់បម្រុងចាកចេញទៅវិញ ស្រាប់តែទ្វារបានបិទ ហើយលេចចេញឃាតករ យកកាំបិតមកឆូតបំពង់ករបស់គាត់ ធ្វើឱ្យគាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯប្លេកវិញ នាងក៏អាចរំដោះខ្លួនពីចំណងបាន នៅពេលដែលឃាតករចូលមកវិញនាងក៏ស្ទាក់វាយប្រហារទៅលើឃាតករនោះ អំឡុងពេលប្រតាយប្រតប់គ្នា នាងក៏មានឱកាស អាចទាញម៉ាស់ចេញពីមុខឃាតករបាន ដែលធ្វើអោយនាងបានឃើញមុខគេយ៉ាងច្បាស់
ប្លេក ៖ “គឺ… គឺនាង បែលឡា…” ប្លេក ស្រែកឡើងភ្លាត់សំលេង រាងកាយគាំងស្ដូកធ្វើអ្វីមិនចេញ ព្រោះឃាតករដែលនៅចំពោះមុខនាង គឺជាអធិការរងបែលឡាដែលនាងទុកចិត្ត បារម្ភ គោរពស្រឡាញ់ និងចាត់ទុកជានិមិត្តរូបមករហូត”
ប្លេក ៖ “ម៉េចក៏ក្លាយទៅជាអញ្ចឹងទៅវិញ?? តើមានរឿងអីកើតឡើងទៅ??”
ប្លេកដែលកំពុងច្របូកច្របល់ក្នុងចិត្ត ស្រាប់តែបាត់បង់កម្លាំងប្រយុទ្ធអស់រលីង ដៃជើងប្រែជាទន់អស់ធ្វើអ្វីលែងកើត ឃើញឱកាសល្អ បែលឡាបានទាញកាំភ្លើងតម្រង់មក បាញ់ប្លេក តែប្លេកបានភ្ញាក់ខ្លួនទាន់ហើយក៏គេចផុតតែមិនប្រយ័ត្នក៏ត្រូវស្មារមួយគ្រាប់ ប្លេកក៏រត់ចេញមកក្រៅហើយបានជួបនិងស្គែរីដែលទើបមកដល់ល្មម
ប្លេក ៖ “ស្គែរី ប្រយ័ត្នណា ម៉ាដាមគឺជាឃាតកររោគចិត្តម្នាក់នោះហើយ”
ស្គែរី ប្លេក និង បែលឡា បានវាយប្រទាញប្រទង់គ្នាចុះឡើងៗតែមើលទៅពុំមាន នរណាមានប្រៀបជាងនរណាឡើយ តែភ្លាមនោះប្លេកមានល្បិចមួយដែលអាចធ្វើអោយ បែលឡាដួលបាន ស្គែរីមិនបង្អង់យូរក៏ចាប់ពាត់ដៃបែលឡា ទៅក្រោយហើយវាយខ្នោះ ដាក់ដៃទាំងពីរបានសម្រេច ដោយបែលឡាមានកម្លាំងខ្លាំង គួរសមដែរបានព្យាយាម រើបម្រាស់ ស្គែរីគ្មានជម្រើសក៏វាយបែលឡាអោយសម្លប់ទៅ ស្របពេលនោះដែរ ប៉ូលីសក៏បានមកដល់ ប្លេកនិងស្គែរីក៏យកបែលឡាបញ្ជូនអោយ ប៉ូលីសទៅ ដោយប្លេកត្រូវរបួសត្រង់ស្មាផងនាងក៏អស់កម្លាំងហើយក៏សម្លប់ទៅតាមនឹងដែរ...
[ ១៥ឆ្នាំមុន ថ្ងៃ១៤កុម្ភៈ ទីក្រុងញូវយ៉ក ]
“ឈប់ភ្លាម កុំប៉ះពាល់កូនឱ្យសោះ មិនអញ្ចឹងខ្ញុំប្ដូរជីវិតជាមួយបងហើយ!” នាង ស្ទុះទៅយកកាំបិតពីលើតុ មកចង្អុលអ្នកដែលជាប្ដី ពេលឃើញគេលើកដៃវាយកូនស្រី សំណព្វចិត្ត ប៉ុន្តែគេមិនត្រឹមតែមិនបញ្ឈប់ ហើយថែមទាំងចង់ ចាប់រំលោភកូនស្រី បង្កើតខ្លួនឯងទៀត នាងទ្រាំលែងបានក៏យកកាំបិត ទៅចាក់អ្នកដែលជាប្ដីចំខ្នងមួយកាំបិត ប៉ុន្តែគេមិនបានកើតអីឡើយ គេក៏ងាកមកវិញ ទះនាងមួយកំភ្លៀងឲ្យដួលទៅក្រោម ហើយក៏យកថូផ្កាដែលនៅក្បែរនោះ មកសំពងក្បាលនាង រហូតនាងស្លាប់បាត់បង់ជីវិត បែលឡាតូចដែលបានឃើញហេតុការណ៍នេះដោយផ្ទាល់ភ្នែកនាងក៏ស្ទុះទៅយកពូថៅ មកកាប់ផ្តាច់កអ្នកជាឪពុក ដែលធ្វើឱ្យក្បាលរបស់គេរមៀលធ្លាក់ចុះពីលើស្មា មុននឹងយកពូថៅក្នុងដៃទៅកាប់លើរាងកាយរបស់គេជាច្រើនដងទៀតពេលស្វាងស្មារតី បន្តិច នាងក៏ទម្លាក់ពូថៅចុះពីដៃ ហើយរត់ទៅយំឱបសពម្តាយជាទីស្រលាញ់ មេឃក៏បង្អុរភ្លៀងចុះមក ប្រៀបដូចជាបានដឹងរឿងសោកនាដកម្មគ្រួសារមួយនេះអញ្ចឹង…
[ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ ទីក្រុងភ្នំពេញ មន្ទីរពេទ្យកាល់ម៉ែត ]
ស្គែរី ៖ “ដឹងខ្លួនហើយមែនទេ? ឯងដេកបីថ្ងៃហើយ! ដឹងទេ?”
ប្លេក ៖ “ស្គែរី តើម៉ាដាមយ៉ាងម៉េចហើយ?”
ស្គែរី ៖ “គាត់មិនអីទេ ក្រុមប៉ូលីសបានយកគាត់ទៅដាក់ក្នុងមន្ទីរឃុំឃាំងហើយ”
ប្លេក ៖ “ខ្ញុំពិតជាសង្ឃឹមថាខ្លួនឯងមើលច្រឡំណាស់ ខ្ញុំសឹងនឹងមិនជឿលើភ្នែកខ្លួនឯងសោះ”
ស្គែរី ៖ “ខ្ញុំក៏សង្ឃឹមថាបែបនោះដែរ តែពួកយើងបានពិនិត្យ DNA និងស្នាមខ្ចៅដៃរួចហើយ បញ្ជាក់ថាពិតជាម៉ាដាមមែន ពេលពួកយើងសួរចម្លើយគាត់ គាត់និយាយថាមិនបានដឹង អ្វីទាំងអស់ ពួកយើងព្យាយាមសួរនាំគាត់ជាច្រើនលើក ប៉ុន្តែអារម្មណ៍គាត់ក៏ប្រែទៅជាលែង ប្រក្រតីម្ដងឆ្លើយបែបនេះ ម្ដងឆ្លើយបែបនោះ ទើបយើងអញ្ជើញគ្រូពេទ្យចិត្តសាស្ត្រ មកជួយវិភាគ ស្ថានភាពផ្លូវចិត្តរបស់គាត់ធ្ងន់ធ្ងរណាស់ គ្រូពេទ្យនិយាយថាគាត់មាន ជំងឺវិកលចរិកយូរមកហើយ គាត់អាចមានបុគ្គលិកលក្ខណៈពីរឬច្រើន គេសន្និដ្ឋានថា ឧក្រិដ្ឋកម្មដែលគាត់បានធ្វើ គឺជាទង្វើរបស់បុគ្គលិកលក្ខណៈមួយទៀតរបស់គាត់ ត្រូវហើយ កាលពីព្រឹកមិញ ខ្ញុំលឺលោកស្នងការនិយាយថា ៥ថ្ងៃទៀតខាងអាមេរិកបានស្នើសុំ យកគាត់ទៅ កាត់ទោសនៅទីនោះ ព្រោះគាត់មានជាប់ពាក់ព័ន្ធនឹងរឿងក្តី ឃាតកម្មជាច្រើន រួមទាំងរឿងក្តី សម្លាប់ឪពុករបស់គាត់ កាលពី ១៥ ឆ្នាំមុនទៀតផង”
ប្លេក ៖ “ខ្ញុំចង់ទៅមើលគាត់ ស្គែរី ជូនខ្ញុំទៅបន្តិចបានទេ?”
[ ក្នុងមន្ទីរឃុំឃាំង ]
បែលឡា ៖ “ប្លេក! ស្គែរី អរគុណពួកឯងណាស់ដែលបានមកមើលខ្ញុំ! ប្លេក! របួសរបស់ឯងយ៉ាងម៉េចហើយ? ខ្ញុំសុំទោសផងណាដែលធ្វើឱ្យឯងរបួស”
ប្លេក ៖ “ខ្ញុំមិនអីទេ! ចុះម៉ាដាមវិញយ៉ាងម៉េចទៅហើយ!”
បែលឡា ៖ “ខ្ញុំមិនអីទេ! ពួកឯងប្រហែលជាអស់សង្ឃឹមចំពោះខ្ញុំខ្លាំងណាស់មែនទេ? ខ្ញុំក៏មិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីដែរ ខ្ញុំព្យាយាមតាមរកមុខឃាតករ ប៉ុន្តែខ្ញុំមិននឹកស្មានថា ឃាតករនោះគឺជាខ្លួនឯងបែបនឹងសោះ?”
ប្លេក ៖ “អត់ទេ ម៉ាដាមនៅតែជាថ្នាក់លើដែលខ្ញុំគោរពជានិច្ច!”
បែលឡា ៖ “អរគុណណាស់ដែលពួកឯងមិនបោះបង់ខ្ញុំចោល! ជួយសុំទោសគ្រួសារជន រងគ្រោះឲ្យខ្ញុំផង ប្រាប់ពួកគេថា ខ្ញុំគ្មានចេតនាទេ.. ពួកឯងទៅវិញទៅ ខ្ញុំចង់សម្រាក..!” បែលឡានិយាយទាំងខ្សឹបខ្សួល មុននឹងលាកូនចៅទាំងពីរទាំងអាល័យ ព្រោះប៉ុន្មានថ្ងៃទៀត នាងនឹងត្រូវគេបញ្ជូនខ្លួន ទៅសហរដ្ឋអាមេរិកវិញហើយ
[ ថ្ងៃ ចន្ទ ទី ២ ខែ មីនា ឆ្នាំ ២០១៥ ម៉ោង៧:០០ព្រឹក ]
ស្គែរី ៖ “អាឡូ ប្លេក! មានរឿងធំហើយ!”
ប្លេក ៖ “មានរឿងអីស្គែរី?”
ស្គែរី ៖ “ម៉ាដាមបាត់ខ្លួនហើយ!”
ប្លេក ៖ “ថាម៉េច…!!??”
ស្គែរី ៖ “កាលពីយប់មិញ ម៉ាដាមសម្លាប់អ្នកយាម រួចក៏គេចខ្លួនបាត់ ឥឡូវពួកយើងកំពុងតែតាមរក! ឯងនៅផ្ទះម្នាក់ឯង ត្រូវប្រយ័ត្នខ្លួនផងលឺទេ? “
ប្លេក ៖ “ខ្ញុំដឹងហើយ! ឯងក៏ត្រូវប្រយ័ត្នខ្លួនដែរ! ប៉ុណ្ណឹងចុះ! “
[ ១០នាទីបន្ទាប់ ]
បែលឡា ៖ “មានអ្នកណាសង្ស័យថា ឯងជាអ្នកជួយយើងដែរទេ?”
… ៖ “គ្មានទេ! បងស្រី!”
បែលឡា ៖ “ល្អណាស់! ពេលនេះអាចចាប់ផ្ដើមហ្គេមទីពីរបានហើយ!” < ចប់ >
***Download NovelToon to enjoy a better reading experience!***
Comments